រូបភាព​ថត​ដោយ​តេឡេស្កុប​អវកាស​ហឺបល (Hubble Space Telescope) នៅថ្ងៃទី២៧ មិថុនា ២០១៩ បង្ហាញ​យ៉ាង​ច្បាស់ និង​យ៉ាង​លម្អិត អំពី​ "ចំណុចក្រហម​នៃ​ភពព្រហស្បតិ៍" (Jupiter's Great Red Spot)
"ចំណុចក្រហម" ជា​ចំណុច​សម្គាល់​ដ៏​ពិសេស​មួយ​នៃ​ភព​ព្រហស្បតិ៍ ហើយ​វា​ក៏​ជា​ចំណុច​ទាក់ទាញ​អារម្មណ៍ និង​ចម្ងល់​ដ៏​ខ្លាំង​មួយ​ផងដែរ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ តាមពិត​ចំណុច​ក្រហម​នេះ គឺ​ជា​ព្យុះសង្ឃរា។នេះបើយោងតាមការស្រាយ របស់លោក សេង ឌីណា។

នៅលើ​ភពផែនដី​យើង ប្រសិនបើ​គេ​មើល​ពី​ទីអវកាស ព្យុះសង្ឃរា​ក៏​បង្កើត​ឲ្យ​មាន​ពពក​ជា​ទម្រង់​ស្រដៀងគ្នា​នឹង​ចំណុចក្រហម​នៃ​ភព​ព្រហស្បតិ៍​នេះ​ដែរ។ គ្រាន់តែ​ថា ព្យុះ​នៅលើ​ភពផែនដី​មាន​ពណ៌ ស ហើយ​ព្យុះសង្ឃរា​ដ៏​ធំ​បំផុត​ដែល​គេ​ធ្លាប់​សង្កេតឃើញ​នៅលើ​ភពផែនដី មាន​មុខកាត់​ប្រមាណ​ជា ១៦០០គីឡូម៉ែត្រ ហើយ​មាន​កម្លាំង​ខ្យល់​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ព្យុះ​នៅ​ក្នុង​ចំណុចក្រហម​នៃ​ភពព្រហស្បតិ៍​នេះ​វិញ មាន​ទំហំ​ដ៏​ធំ​មហិមា គឺ​មាន​មុខកាត់​ស្មើ​នឹង​២ដង​នៃ​មុខកាត់​របស់​ផែនដី ហើយ​កម្លាំង​ខ្យល់​វិញ​មាន​រហូតដល់​ទៅ​ ៦៤៤គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ខុសពី​ព្យុះសង្ឃរា​នៅលើ​ភពផែនដី ដែល​មាន​វត្តមាន​ត្រឹមតែ​ប៉ុន្មានថ្ងៃ ព្យុះសង្ឃរា​នៅលើ​ភពព្រហស្បតិ៍​នេះ​បាន​បក់បោក​ជាប់​ជា​ប្រចាំ​អស់រយៈពេល​រាប់រយ​ឆ្នាំ​មកហើយ។ គេ​បាន​ចាប់ផ្តើម​សង្កេតឃើញ​ចំណុចក្រហម​នៅលើ​ភពព្រហស្បតិ៍​នេះ តាំង​ពី​អំឡុង​សតវត្សរ៍​ទី១៧ នៅ​ពេល​ដែល​មនុស្ស​យើង​ចាប់ផ្តើម​សង្កេតមើល​ផ្កាយ​ដោយ​ប្រើ​តេឡេស្កុប។ ក៏ប៉ុន្តែ គេ​នៅមិនទាន់​ប្រាកដ​ច្បាស់​ថា តើ​ចំណុចក្រហម​ដែល​គេ​ចាប់ផ្តើម​សង្កេតឃើញ​នៅ​សតវត្សរ៍​ទី១៧​នោះ គឺ​ជា​ព្យុះតែមួយ​​ ឬ​ក៏​ជាព្យុះផ្សេងមួយ​ផ្សេងទៀត ដែល​កើតមាន​ពីមុន រួចហើយ​បាត់ទៅវិញ មុននឹង​កើតព្យុះថ្មីទៀត។ ទោះជា​យ៉ាងណា គេ​អាច​ដឹង​ប្រាកដ​ច្បាស់​ថា ព្យុះសង្ឃរា​លើ​ភពព្រហស្បតិ៍​បច្ចុប្បន្ន​នេះ​ កើតមាន​ឡើង​យ៉ាងតិច ១៥០ឆ្នាំ​មកហើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ